តម្លៃទីផ្សារត្រី ទីឡាព្យ៉ា ពិភពលោកក្នុងឆ្នាំ២០២០ ហក់ឡើង៧.៩ពាន់លានដុល្លារអាម៉េរិក។ តម្លៃនេះ ត្រូវបានទីភ្នាក់ងារទីផ្សារអន្តរជាតិហៅកាត់ថា IMARC Group ព្យាការណ៍ថា ទីផ្សារត្រីទីឡាព្យ៉ានឹងកើតឡើង ៦.១ ភាគរយបន្ថែមទៀតចន្លោះឆ្នាំ ២០២១-២០២៦។
ពូជត្រីទីឡាព្យ៉ាគឺស្ថិននៅក្នុងគ្រួសារ Ciclidae ហើយជាប្រភេទត្រីទឹកសាបរស់នៅក្នុងជម្រៅរាក់ៗ ដូចក្នុងស្រះ ទន្លេ និងបឹងបួរជាដើម។ តាមប្រវត្តិសាស្រ្តត្រីនេះ វាសម្បួរនៅមជ្ឍិមបូព៌ា គុណសម្បត្តិដ៏អស្ចារ្យរបស់ត្រីទីឡាព្យ៉ាគឺសាច់វាអាចយកទៅជំនួសត្រីសាម៉ុនក៏បានដែរ។
កាលពីពេលថ្មីនេះ ក្រុមភ្នាក់ងារទីផ្សារពិភពលោកហៅកាត់ថា IMARC បានបង្ហាញរបាយការណ៍ថា ប្រភេទពូជត្រីទីឡាព្យ៉ា ៤ប្រភេទ ដូចជា៖ Nile Tilapia,Tilapias Nei, Blue Nile Tilapia និងMozambique Tilapia នឹងមានតម្រូវការទីផ្សារខ្ពស់ក្នុងបណ្ដាមួយចំនួនដូចជា៖ ប្រទេសចិន ឥណ្ឌូនេស៊ី អេហ្ស៊ីប បង់ក្លាដែស ហ្វីលីពីន ប្រេស៊ីល ថៃ និងប្រទេសដទៃទៀត។
IMARC បញ្ជាក់ថា មូលហេតុនៃកំណើនតម្រូវបរិភោគត្រីនេះ គឺដោយសារការយល់ដឹងអំពីសុខភាព អ្នកប្រើប្រាស់កំពុងកើនឡើងបាននាំឱ្យមានការផ្លាស់ប្តូរទំនោរពីផលិតផលអាហារដែលមានកាឡូរីខ្ពស់ ឆ្ពោះទៅរករបបអាហារសម្បូរប្រូតេអ៊ីន ក្នុងចំណោមនោះត្រីទីឡាព្យ៉ាគឺជាសាច់ត្រីមួយប្រភេទដែលមានប្រូតេអ៊ីនខ្ពស់ដូចត្រីសាម៉ុនដែរ។
ចំពោះសហគ្រិនកម្ពុជាណាដែលកំពុងចាប់ផ្ដើមឬកំពុងតែមានគម្រោងចាប់ផ្ដើមចិញ្ចឹមត្រី គួរស្វែងយល់បន្ថែមអំពីព័ត៌មានទីផ្សារត្រីឱ្យបានច្រើនប្រភពថាតើត្រីប្រភេទណាខ្លះកំពុងមានតម្រូវការខ្ពស់ ដើម្បីបច្រៀសកង្វះទីផ្សារ ក្រោយពេលចិញ្ចឹមបានផលហើយ៕
អត្ថបទដោយ៖ ចេង លីកា